ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារមិត្តភាពកម្ពុជា-កូរ៉េ កែលម្អថ្មីនៅមន្ទីរពេទ្យកុមារជាតិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆាំ្នច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Oh Nakyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើជាអធិបតីរួមគ្នាសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលំអរថ្មី។ អគារមន្ទីរពេទ្យកុមារជាតិនេះមានកម្ពស់៣ជាន់ បណ្តោយ៦៣ម៉ែត្រ ទទឹង២៦ម៉ែត្រ និងបំពាក់ដោយជណ្តើរយន្ត។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងទស្សវត្សរ៍ឆ្នាំ៩០ សម្តេចបានតស៊ូមតិយ៉ាងខ្លាំងក្លារហូតដល់គំរាមឈប់ពីតំណែងថែមទៀតផង ដើម្បីប្រឆាំងជាមួយអ៊ុនតាក់ ដែលទាមទារយកទីតាំងសាកលវិទ្យាល័យសង្គមវិទ្យានៅជាប់អគាររាជបណ្ឌិត្យសភា និងអគារមន្ទីរពេទ្យកុមារជាតិ ធ្វើជាមូលដ្ឋានរបស់ពួកគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួញសម្រាប់កសាង និងកែលំអឡើងវិញនូវអគារព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៦។

* សម្តេចតេជោ ហ៊ុន សែន បានអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានគាំទ្រ និងជំរុញការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ហើយធ្វើឲ្យការសម្រេចចិត្តផ្នែកនយោបាយជាយុទ្ធសាស្ត្រនៃការភ្ជាប់ទំនាក់ទំនងរបស់សម្តេចបានទទួលជោគជ័យ។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា បើការសម្រេចចិត្តភ្ជាប់ទំនាក់ទំនងការទូតនេះមិនទទួលបានជោគជ័យទេ សម្តេចនឹងទទួលការស្តីបន្ទោសជាមិនខាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈនយោបាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន កម្ពុជានឹងទទួលបានប្រយោជន៍កាន់តែច្រើនថែមទៀត ដែលក្នុងនោះរួមមានការសាងសង់ផ្លូវផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា-ជប៉ុន កម្ពុជា-ចិន សុទ្ធតែមានស្ពានឆ្លងកាត់ទន្លេ។ ដូច្នេះសម្តេចក៏ចង់ឃើញកម្ពុជា និងកូរ៉េខាងត្បូង មានស្ពានមិត្តភាពឆ្លងកាត់ទន្លេដូចជា ជប៉ុន និងចិនផងដែរ

* សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកូរ៉េខាងត្បូងលើកដំបូង ត្រូវបានអតីតប្រធានាធិបតីកូរ៉េ បានឧបត្ថម្ភដល់សម្តេចរហូតដល់ប្រមាណ២លានដុល្លារអាមេរិក។ ពេលនោះអតីតប្រធានាធិបតីរូបនេះ បានប្រកាសផ្តល់ជាសាច់ប្រាក់ដល់សម្តេចថែមទៀតផង តែសម្តេចមិនបានទទួលយកជាសាច់ប្រាក់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ ផ្ទុយទៅវិញសម្តេចបានស្នើសុំជំនួយជាគ្រឿងចាក់សម្រាប់ធ្វើប្រឡាយទឹក និងប្រព័ន្ធធារាសាស្ត្រទៅវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងស្នើឲ្យដំឡើងកម្រិតទំនាក់ទំនងមេគង្គ-កូរ៉េ ពីកម្រិតថ្នាក់រដ្ឋមន្ត្រី ទៅជាកម្រិតកំពូល ដើម្បីធ្វើឲ្យទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសតំបន់មេគង្គ និងកូរ៉េខាងត្បូងកាន់តែល្អប្រសើរថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា តាមរយៈអគារថ្មីនៅមន្ទីរពេទ្យកុមារជាតិនេះ ក្រុមគ្រូពេទ្យទាំងអស់ នឹងប្រឹងប្រែងយកចិត្តទុកដាក់ព្យាបាលដល់អ្នកជំងឺ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដល់សិស្សនិស្សិតពេទ្យឲ្យប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពទៅតាមការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ហើយក៏ត្រូវលើកកម្ពស់ក្រុមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រឹងប្រែងច្រើនណាស់ ដើម្បីបំពេញតម្រូវការរបស់និស្សិតពេទ្យ ដែលក្នុងនោះមានដូចជាការបញ្ឈប់ការកំណត់អាយុក្នុងការប្រឡងចូលក្របខណ្ឌ និងការទទួលស្គាល់ការសិក្សារបស់និស្សិតបញ្ចប់ការសិក្សានៅប្រទេសវៀតណាមជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានការហត់នឿយចំពោះរឿងខ្លះ ដែលអាចដោះស្រាយត្រឹមកម្រិតក្រសួងបានតែបែរជាមិនដោះស្រាយ ហើយទាមទារឲ្យសម្តេចចេញមុខដោះស្រាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង មិនសូវជាមានបញ្ហានោះទេ ប៉ុន្តែរដ្ឋលេខាធិការនៅក្នុងក្រសួងនេះមួយចំនួនដូចជា មានបញ្ហានាំឲ្យមានភាពអសកម្ម ដែលទាមទារឲ្យមានការពិនិត្យឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ម៉ម ប៊ុនហេង មិនហ៊ាននិយាយជាមួយរដ្ឋលេខាធិការមួយចំនួនលើរឿងទទួលស្គាល់កម្រិតសិក្សា របស់និស្សិតពេទ្យបញ្ចប់ការសិក្សានៅប្រទេសវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៨៖៤៤នាទី

ប្រភព៖ Fresh News.

This is the most recent post.
Older Post

Post a Comment

[facebook]

Author Name

SongHak

អាគារមិត្តភាព កម្ពុជា - កូរ៉េ

អាគារមិត្តភាព កម្ពុជា - កូរ៉េ
អាគារមិត្តភាព កម្ពុជា - កូរ៉េ

Contact Form

Name

Email *

Message *

Powered by Blogger.